អត្ថប្រយោជន៍ចំពោះសុខភាពនៃការផឹកទឹកនៅពេលពោះទទេ
13 Oct 2022, 16:39
ការផឹកទឹកជាប្រចាំ ផ្តល់អត្ថប្រយោជន៍ដល់សុខភាពទូទៅរបស់អ្នក ហើយអាចជួយកម្ចាត់បញ្ហាជាច្រើននៅក្នុងរាងកាយ។ មិនថាឈឺក្បាល ទល់លាមក ឬខ្សោះជាតិទឹក ការផឹកទឹកពេលពោះទទេ មានអត្ថប្រយោជន៍ជាច្រើន។ រាងកាយរបស់យើងមានជាតិទឹក ៧០ ភាគរយ ហើយការរក្សាខ្លួនអ្នកនូវជាតិទឹក គឺចាំបាច់សម្រាប់មុខងាររាងកាយធម្មតា។ មិនថាពេលព្រឹកព្រលឹម ឬក្រោយពេលហាត់ប្រាណ ការផឹកទឹកនឹងធ្វើឱ្យអ្នកមានសុខភាពល្អ។ បើគ្មានទឹក រាងកាយ អាចរងទុក្ខដោយសារបញ្ហាសុខភាព នៅពេលក្រោយ។ អត្ថប្រយោជន៍ផ្សេងទៀតនៃការទទួលទានទឹកនៅពេលពោះទទេមានដូចជា៖
បង្កើនភាពស៊ាំ៖ ទឹក ចាំបាច់ដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន។ ការផឹកទឹកនៅពេលពោះទទេជាទៀងទាត់ អាចបង្ហាញថាមានប្រយោជន៍សម្រាប់ប្រព័ន្ធភាពស៊ាំ។ វាអាចជួយអ្នកប្រឆាំងនឹងការឆ្លងមេរោគ។
សម្អាតពោះវៀន៖ ការទទួលទានទឹកពេលពោះទទេ អាចជួយសម្រួលដល់ដំណើរការរំលាយអាហារ។ សូម្បីតែនៅពេលដែលអ្នកផឹកទឹកច្រើន អ្នកមានអារម្មណ៍ថាពោះវៀនរបស់អ្នកទទេស្អាត។ ការអនុវត្តបែបនេះជារៀងរាល់ថ្ងៃ អាចជួយដល់ចលនាពោះវៀន ហើយថែមទាំងរួមចំណែកក្នុងការកម្ចាត់កាកសំណល់ចេញពីរាងកាយផងដែរ។ នេះជាមធ្យោបាយដែលអ្នកអាចជួយសម្អាត និងបន្សាបជាតិពុលក្នុងខ្លួន។ វាក៏ជួយការពារការហើមពោះផងដែរ។ ការសម្អាតភាពកខ្វក់ ក៏ជួយឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានលឿន ហើយនាំឱ្យពោះវៀនធំមានសុខភាពល្អ និងរាងកាយទាំងមូលមានសុខភាពល្អ។
ការពារការវាយប្រហារនៃជំងឺឈឺក្បាលប្រកាំង៖ មូលហេតុចម្បងមួយ ដែលមនុស្សទទួលរងពីការឈឺក្បាលញឹកញាប់ និងការវាយប្រហារនៃជំងឺឈឺក្បាលប្រកាំង គឺដោយសារតែកង្វះជាតិទឹកនៅក្នុងខ្លួន។ ការខ្សោះជាតិទឹក ជាមូលហេតុដើមនៃការឈឺក្បាល ហើយការផឹកទឹកញឹកញាប់ ជាពិសេសពេលពោះទទេ អាចជួយកម្ចាត់ការឈឺក្បាលតាមបែបធម្មជាតិ។
ជួយក្នុងការបង្កើនថាមពល៖ ប្រសិនបើអ្នកមានអារម្មណ៍ងងុយគេង ឬល្វើយ ការផឹកទឹកនៅពោះទទេអាចធ្វើឱ្យអ្នកមានអារម្មណ៍សកម្មភ្លាមៗ។ វាជំរុញកោសិកាឈាមក្រហម ឱ្យលូតលាស់កាន់តែលឿន ដែលនាំឱ្យមានអុកស៊ីហ្សែន និងថាមពលកាន់តែច្រើន។
អត្ថប្រយោជន៍នៃការផឹកទឹកនៅពេលពោះទទេ ត្រូវបានទទួលស្គាល់ដោយការសិក្សាមួយចំនួនផងដែរ។ ដូច្នេះ នៅពេលក្រោកពីដំណេកនៅពេលព្រឹក ចូរផឹកទឹកមួយលីត្រមុនពេលដុសធ្មេញ។ ប៉ុន្តែប្រសិនបើអ្នកជាអ្នកថ្មី មិនធ្លាប់ផឹកទឹកនៅអំឡុងពោះទទេទាល់តែសោះ អ្នកអាចចាប់ផ្តើមជាមួយនឹងបរិមាណតិចតួច។
បន្ទាប់ពីផឹកទឹក អ្នកអាចសម្អាតនិងដុសធ្មេញរបស់អ្នក ហើយចៀសវាងការញ៉ាំឬផឹកអ្វីទាំងអស់ ក្នុងរយៈពេលប្រហែល ៤៥ នាទីក្រោយផឹកទឹក។ បន្ទាប់ពីនេះ អ្នកអាចចាប់ផ្តើមញ៉ាំអាហារពេលព្រឹករបស់អ្នក។ ក្រោយទទួលទានអាហារធម្មតា អ្នកមិនគួរផឹកអ្វីឡើយក្នុងរយៈពេល២ម៉ោង ហើយបន្ទាប់មកផឹកទឹកមួយលីត្រម្តងទៀត។ បើធ្វើបែបនេះបាន នឹងជួយឱ្យអ្នកស្ថិតនៅឆ្ងាយពីជំងឺ ហើយអ្នកអាចកត់សម្គាល់ថាមពលថ្មីនិងស្រស់សស្រាយក្នុងរយៈពេល២ទៅ៣ថ្ងៃ។ ការទទួលទានទឹកគ្រប់គ្រាន់និងត្រឹមត្រូវ មានថាមពលព្យាបាល បញ្ហាសម្ពាធឈាម រលាកក្រពះ ទល់លាមក និងជំងឺទឹកនោមផ្អែម ដោយគ្មានផលប៉ះពាល់អ្វីទាំងអស់។
វិធីផឹកទឹកដែលត្រឹមត្រូវហើយបានផល អ្នកគួរផឹកយឺតៗ ព្រោះអាចនាំទឹកមាត់ដែលមានជាតិអាល់កាឡាំង ធ្លាក់ចុះទៅបន្សាបកម្រិតអាស៊ីតក្នុងក្រពះ។ ផ្ទុយទៅវិញ ការផឹកទឹកលឿនដោយអកក្អឿកៗតាមការស្រេក វានឹងទៅរារាំងទឹកមាត់មិនឱ្យធ្លាក់ចុះ ដែលអាចបណ្តាលឱ្យមានជាតិពុលនៅក្នុងតម្រងនោម និងប្លោកនោម។
ទោះជាយ៉ាងណាក៏ដោយ ការផឹកទឹកច្រើនហួសប្រមាណមុនពេលចូលគេង អាចរំខានដំណេករបស់អ្នក។ ដូច្នេះ អ្នកគួរផឹកទឹកយ៉ាងហោចណាស់ ២ ម៉ោងមុនពេលចូលគេង៕