ភរិយាលោកឃីម សុខហេង៖ ខ្ញុំតែងធ្វើជាកង់ក្រោយចាំគាំទ្រស្វាមីជានិច្ចដើម្បីសម្រេចគោលដៅ
នៅក្នុងពេលបច្ចុប្បន្ន កិត្ដិនាមរបស់លោកគ្រូបណ្ដុះបណ្ដាលផ្នែកផ្លាស់ប្ដូរចិត្ដគំនិត និងភាពជាអ្នកដឹកនាំមួយរូប នោះគឺលោកឃីម សុខហេង ត្រូវបានមហាជនស្គាល់គ្រប់ទីកន្លែង ជាពិសេសគឺយុវវ័យ ដែលពួកគេស្គាល់លោកតាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាល ឬតាមរយៈការទស្សនាវីដេអូបង្រៀនដែលផ្សព្វផ្សាយតាមបណ្ដាញសង្គមជាដើម។ លោកគឺជាបុគ្គលដែលមានការទទួលស្គាល់ទៅលើគុណភាពផ្នែកអប់រំ ហើយក៏ជាបុគ្គលតស៊ូព្យាយាមលាងខ្លួនពីភាពក្រីក្រ ក្លាយជាបុគ្គលជោគជ័យម្នាក់ផងដែរ។
យ៉ាងណាមិញ ខណៈដែលកិត្ដិនាមរបស់លោកឃីម សុខហេង ត្រូវបានគេស្គាល់សុះសាយរួចហើយ ប៉ុន្ដែមហាជនទំនងមិនទាន់បានលឺ ឬបានស្គាល់តិចតួចបំផុត ពីស្ដ្រីម្នាក់ដែលហែលឆ្លងឧបសគ្គ ស្រាក់ដៃជាមួយលោកឃីម សុខហេង និងជាអ្នកគាំទ្រលោកផងទើបអាចឈានដល់គោលដៅបច្ចុប្បន្ន។ ស្ដ្រីដ៏សំខាន់ម្នាក់នោះគឺអ្នកស្រី ប៊ូ សុខឡេង ជាភរិយារបស់លោកសុខហេងផ្ទាល់តែម្ដង។
ជាអ្នកមានដើមកំណើតក្នុងខេត្ដព្រៃវែងដូចស្វាមីដែរ ស្ដ្រីវ័យ៤១ឆ្នាំរូបនេះបានចាប់ដៃជាមួយលោកឃីម សុខហេងតាំងពីឆ្នាំ២០០៥។ ជាការពិត ការចាប់ផ្ដើមកសាងជីវិតគ្រួសារជាមួយគ្នាមិនងាយស្រួលឡើយ ក្នុងនាមអ្នកស្រីនិងស្វាមីសុទ្ធជាកូនកសិកររស់នៅជនបទ និងមានជីវភាពក្រលំបាក។ ប៉ុន្ដែយ៉ាងណា អ្នកស្រីនិងស្វាមីបានពុះពារហែលឆ្លងឧបសគ្គជាច្រើនរាប់មិនអស់ ស្រក់ឈាម ស្រក់ទឹកភ្នែក ទម្រាំឈានដល់ថ្ងៃនេះ។
បើតាមការផ្ដល់បទសម្ភាសដល់ក្រុមការងារវិទ្យុវាយោ នៅក្នុងពិធីសម្ពោធសៀវភៅ “ប្ដូររបៀបគិត ជីវិតរុងរឿង” របស់លោកឃីម សុខហេង ប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ អ្នកស្រីសុខឡេងបានបញ្ជាក់ថា ខ្លួនតែងតែលើកទឹកចិត្ដ និងជំរុញស្វាមីជានិច្ចមិនថាក្នុងការសម្រេចចិត្ដ ឬក៏ធ្វើកិច្ចការអ្វីក៏ដោយ។ ក្នុងនាមជាភរិយា អ្នកស្រីមិនដែលបង្អាក់សកម្មភាពដែលស្វាមីចង់ធ្វើនោះទេ តែក៏មិនមែនគាំទ្រមិនគិតនោះដែរ អ្នកស្រីតែងលួចតាមដាននូវរាល់សកម្មភាពការងារដែលស្វាមីធ្វើ ថាទទួលបានលទ្ធផលកម្រិតណា។ គោលបំណងគឺចង់ឱ្យស្វាមីសម្រេចជោគជ័យ ដើម្បីអាចផ្លាស់ប្ដូរស្ថានភាពគ្រួសារ។
អាចនិយាយបានថា អ្នកស្រីនិងស្វាមីមានអត្ដចរិត ចិត្ដគំនិត និងការតាំងចិត្ដដូចគ្នាផងនោះ គូស្វាមីភរិយាទាំងពីរមិនដែលបោះបង់នូវគោលដៅដែលបានដាក់ចេញនោះទេ ហើយក៏មិនដែលគិតថានឹងបញ្ឈប់នៅពាក់កណ្ដាលទីដែរ។ នៅពេលហត់ឈប់សម្រាកទាំងអស់គ្នា រួចរកវិធីសាស្ដ្រលើកទឹកចិត្ដគ្នាបន្ដដំណើរឆ្ពោះទៅមុខទៀត។
ស្ដ្រីវ័យ៤១ឆ្នាំរូបនេះឱ្យដឹងទៀតថា ទោះបីជាពេលខ្លះអ្នកស្រីមានគំនិតចូលរួមតិចតួច ប៉ុន្ដែអ្នកស្រីមិនដែលធ្វើជាឧបសគ្គរារាំងស្វាមីឡើយ អ្នកស្រីតែងធ្វើជា “កង់ក្រោយវិលតាមកង់មុខជានិច្ច”។ ចំពោះស្វាមីអ្នកស្រីក៏តែងផ្ដល់តម្លៃដល់អ្នកស្រីឱ្យមានការចូលរួមជាយោបល់ ហើយការងារភាគច្រើនគឺសម្រេចចិត្ដធ្វើរួមគ្នា។
ស្ដ្រីជាម្ដាយរបស់កូនបួននាក់បាននិយាយទាំងទឹកមុខញញឹមញញែមថា អ្នកស្រីមិនដែលស្រមៃសូម្បីម្ដង ថាស្វាមីរបស់អ្នកស្រីជាកូនអ្នកស្រែសុទ្ធសាធ អាចមានឈ្មោះបោះសំឡេង មានគេស្គាល់គ្រប់ទីកន្លែងដូចសព្វថ្ងៃនេះ។ អ្នកស្រីគិតត្រឹមថា អ្វីដែលប្រឹងប្រែងគ្រាន់ចង់ឱ្យមានជីវភាពសមល្មម និងមានទ្រនំជ្រកកោនសមរម្យប៉ុណ្ណោះ។
នៅទីបំផុត ការតស៊ូ អត់ធ្មត់ ពិតជាមិនអត់ប្រយោជន៍ទេ អ្នកស្រីនិងស្វាមីបានឈានដល់ចំណុចមួយដែលមិននឹកស្មានដល់ ហើយអ្វីដែលអ្នកស្រីនិងស្វាមីកាន់តែរីករាយ គឺតម្លៃនៃការអប់រំដែលស្វាមីបានផ្ដល់ឱ្យទៅមនុស្សជុំវិញខ្លួន ធ្វើឱ្យក្រុមគ្រួសារអ្នកស្រីទទួលបានការគោរពស្រឡាញ់ពីមនុស្សជាច្រើន ដែលនេះហើយគឺជាកត្ដាជំរុញលើកទឹកចិត្ដដ៏ធំធេងមិនអាចគណនាបាន។
ជារួម នេះគឺជាជោគជ័យដែលកើតឡើងក្រោមការប្រឹងប្រែងមិនទម្លាក់ដៃរបស់ប្ដីប្រពន្ធទាំងពីរ ហើយលទ្ធផលនេះក៏ជាគំរូដ៏ល្អនៅក្នុងសង្គមខ្មែរ និងជាគំរូសម្រាប់យុវជនជំនាន់ក្រោយរៀនសូត្រតាម។ ការព្យាយាមសិក្សារៀនសូត្រ យកវិជ្ជាធ្វើជាអាហារ ប្រាជ្ញាធ្វើជាអាវុធ ផ្ដល់តម្លៃដល់ការអប់រំ ហើយសំខាន់បំផុតគឺការតាំងចិត្ដនឹងធ្វើឱ្យមនុស្សទទួលបានមកវិញនូវគុណតម្លៃដ៏គាប់ប្រសើរ។ រីឯប្ដីឬប្រពន្ធ ពិតជាមិនអាចខ្វះការគាំទ្រគ្នាបានឡើយ ប្រសិនបើចង់ផ្លាស់ប្ដូរគោលដៅជីវិតក្រោយរៀបការរួច ដូចជាអ្នកស្រីប៊ូ សុខឡេង និងលោកឃីម សុខហេងជាឧទាហរណ៍ស្រាប់។ ពាក្យចាស់ពោលថា “សំណាបយោងដី ស្រីយោងប្រុស”។
គួរឱ្យដឹងដែរថា អ្នកស្រីប៊ូ សុខឡេងនិងលោកឃីម សុខហេងមានកូនចំនួន៤នាក់ គឺកូនប្រុសបីនាក់ និងកូនស្រីពៅម្នាក់ បន្ទាប់ពីភ្ជាប់ចំណងអាពាហ៍ពិពាហ៍អស់ជិត២០ឆ្នាំ៕