លោកJeff Bezoនឹងលាឈប់ពីតំណែងនាយកប្រតិបត្ដិក្រុមហ៊ុនAmazon
ក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធឺណេតនិងជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកAmazon បានប្រកាសថាលោកJeff Bezoជាស្ថាបនិកក្រុមហ៊ុននឹងលាឈប់ពីតំណែងនាយកប្រតិបត្ដិក្រុមហ៊ុន(CEO)នៅចុងឆ្នាំនេះ ហើយនឹងធ្វើជាប្រធានប្រតិបត្ដិវិញ។ លោកBezoបានបញ្ជាក់ដល់បុគ្គលិកពីការលាឈប់នេះកាលពីថ្ងៃអង្គារ តាមរយៈការបង្ហោះនៅក្នុងblogរបស់លោក។ លោកនិយាយថា លោកចង់ផ្ដោតទៅលើផលិតផលថ្មីនិងគំនិតផ្ដួចផ្ដើមដំបូងរបស់ក្រុមហ៊ុនAmazon។
លោកក៏មានគម្រោងផ្ដោតទៅលើក្រុមហ៊ុនធ្វើដំណើរអវកាស ក៏ដូចជាការគ្រប់គ្រងទៅលើកាសែតThe Washington Post ដែលលោកបានទិញកាលពី៨ឆ្នាំមុន។ តំណែងCEOរបស់BezosនឹងជំនួសដោយលោកAndy Jassy ដែលបច្ចុប្បន្នជានាយកប្រតិបត្ដិផ្នែកសេវាកម្មតាមគេហទំព័ររបស់ក្រុមហ៊ុនAmazon(CEO of Amazon Web Services)។
គួរជម្រាបជូនថា លោកJeff Bezoបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចAmazonឡើងក្នុងឆ្នាំ១៩៩៤ មានទីតាំងចេញពីយានដ្ឋានរបស់លោកក្នុងទីក្រុងSeattle។ លោកជានាយកប្រតិបត្ដិដែលកាន់កាប់ភាគហ៊ុន១១,១ភាគរយ។ បើគិតពីទ្រព្យសម្បត្ដិរបស់លោកត្រឹមខែមករាឆ្នាំ២០២១ មានចំនួន១៨៥.៧ពាន់លានដុល្លារអាមេរិក ជាអ្នកមានបំផុតទីពីរក្នុងពិភពលោកបន្ទាប់ពីលោកElon Musk៕