ស្រាបៀរជួយឱ្យសក់ទន់និងភ្លឺរលោង តែមិនមែនតាមរយៈការផឹកទេ
13 Oct 2022, 16:39
ស្រាបៀរ ដែលមនុស្សមួយចំនួននិយមទទួលទាន ក៏ត្រូវបានគេយកមកប្រើប្រាស់ ដើម្បីថែរក្សាសរសៃសក់ផងដែរ ដោយសារសារធាតុផ្សំខ្លះនៅក្នុងស្រាបៀរ ផ្តល់អត្ថប្រយោជន៍ដល់សរសៃសក់។ ស្រាបៀរមានសារធាតុចិញ្ចឹមដូចជា វីតាមីន B សេលេញ៉ូម វីតាមីន D និងស័ង្កសី ដែលអាចការពារសក់ស្កូវមុនអាយុ កាត់បន្ថយការជ្រុះសក់ កាត់បន្ថយអង្គែ និងជំរុញដល់ការលូតលាស់សក់ផងដែរ។
ការប្រើស្រាបៀរសម្រាប់សរសៃសក់ ជាពិសេស ការលាងជម្រះក្រោយពេលកក់សក់ជាមួយសាប៊ូ កំពុងកើនឡើង បន្ទាប់ពីបុគ្គលល្បីៗមួយចំនួន ចាប់ផ្ដើមគាំទ្រ។ ទោះជាយ៉ាងណាក៏ដោយ មិនមានភស្តុតាងផ្នែកវិទ្យាសាស្រ្តណា គាំទ្រការអះអាងដែលថា ស្រាបៀរអាចធ្វើឱ្យសក់ភ្លឺ មានសុខភាពល្អ ទន់ និងរលោងនោះទេ។ តែ ប្រសិនបើអ្នកចង់ដឹងថា តើស្រាបៀរអាចជួយដល់សរសៃសក់របស់អ្នកឬយ៉ាងណានោះ អាចសាកល្បងអនុវត្តតាមវិធីខាងក្រោម៖
-កក់និងលាងសក់របស់អ្នកជាមួយសាប៊ូកក់សក់ ហើយបន្តលាបប្រេងបន្ទន់សក់ទៅតាមទម្លាប់ ក្រោយមកលាងសរសៃសក់ឱ្យស្អាតល្អ។
-ងើយក្បាលរបស់អ្នកទៅក្រោយហើយចាក់ស្រាបៀរ ២០០ មីលីលីត្រលើសរសៃសក់ រក្សាទុក១៥នាទី រួចលាងជម្រះចេញជាមួយទឹកធម្មតា។
-អ្នកអាចអនុវត្តរូបមន្តថែរក្សាសក់របៀបនេះមួយសប្តាហ៍ម្តង។ ការលាងសម្អាតសក់របស់អ្នកដោយស្រាបៀរ ក្រោយសាប៊ូអាចធ្វើឱ្យសក់ទន់ និងភ្លឺរលោង។
អ្នកអាចប្រើស្រាបៀរតែម្នាក់ឯងក៏បាន ឬលាយវាជាមួយទឹកខ្មះផ្លែប៉ោម ធ្វើជាសាប៊ូកក់សក់ ក្រោយកក់សក់រួច ដើម្បីឱ្យសក់របស់អ្នកមានសំណើម និងទន់។ អ្នកអាចអប់សក់ដោយស្រាបៀរជាមួយនឹងគ្រឿងផ្សំសាមញ្ញពីក្នុងផ្ទះបាយរបស់អ្នក ដូចជាទឹកឃ្មុំ ស៊ុត ឬប្រេងដូង ដើម្បីកាត់បន្ថយការបាត់បង់ជាតិប្រូតេអ៊ីន។
សម្រាប់អ្នកដែលមានសរសៃសក់រួញអង្កាញ់ ក៏អាចធ្វើតាមវិធីនេះបានដែរ ព្រោះវាជួយឱ្យសក់មានភាពបត់បែន ភាពរឹងមាំ និងភ្លឺរលោង។ កក់សក់ដោយប្រើប្រស្រាបៀរ មិនបង្កគ្រោះថ្នាក់ទេ លុះត្រាតែពួកវាមានផ្ទុកសារធាតុគីមី ឬសារធាតុរក្សាទុក។ ស្រាបៀដែលមិនមានផ្ទុកជាតិអាល់កុលស្ងួត គឺល្អផុតសម្រាប់ជួយដល់ការលូតលាស់សរសៃសក់ ដោយសារពួកវាមានវីតាមីន និងប្រូតេអ៊ីនទាំងអស់។ យ៉ាងណា អ្នកគួរតេស្តសិន ដើម្បីជៀសវាងប្រតិកម្មអាលែហ្សីជាមួយស្បែកក្បាល៕