ទម្លាប់គួរចៀសវាងដើម្បីការពារបញ្ហាគេងមិនលក់
13 Oct 2022, 16:39
ការគេងមិនលក់ ជាអសមត្ថភាពក្នុងការងងុយគេង ដែលរំខានដល់សុខភាពនិងជីវិតរបស់អ្នក។ ការគេងមិនលក់ ត្រូវបានចាត់ថ្នាក់ទៅជាការគេងមិនលក់ស្រួចស្រាវ និងការគេងមិនលក់រ៉ាំរ៉ៃ អាស្រ័យលើរយៈពេលនៃស្ថានភាពរបស់វា។ ភាពតានតឹងនិងជំងឺ ជាមូលហេតុនៃការគេងមិនលក់ស្រួចស្រាវ។ ម្យ៉ាងវិញទៀត ការគេងមិនលក់រ៉ាំរ៉ៃ អាចជាផលប៉ះពាល់នៃថ្នាំសម្រាប់ជំងឺហឺត ផ្តាសាយ អាឡែហ្ស៊ី ជំងឺប្រព័ន្ធប្រសាទដូចជា ជំងឺភ្លេចភ្លាំង។ ឆាប់ខឹង អស់កម្លាំង ការពិបាកក្នុងការផ្តោតអារម្មណ៍ និងការឈឺក្បាល ក៏ជាផលប៉ះពាល់មួយចំនួន នៃការគេងមិនលក់ផងដែរ។
ការគេង មានសារៈសំខាន់ដូចគ្នានឹងរបបអាហារមានតុល្យភាព និងការធ្វើលំហាត់ប្រាណទៀងទាត់អ៊ីចឹងដែរ។ មិនថាមកពីមូលហេតុអ្វីក៏ដោយ ការគេងមិនលក់អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងរាងកាយរបស់អ្នក។ បើប្រៀបធៀបទៅនឹងអ្នកដែលគេងបានគ្រប់គ្រាន់ អ្នកដែលមានបញ្ហាគេងមិនលក់ មានគុណភាពជីវិតទាបជាង។
ដើម្បីការពារបញ្ហាគេងមិនលក់អ្នកគួរតែ៖
-ចៀសវាងទទួលទានជាតិកាហ្វេអ៊ីនយ៉ាងហោចណាស់ ៤ ម៉ោងមុនពេលចូលគេង។ ជាតិកាហ្វេអ៊ីន ជាថ្នាំបំបាត់ការងងុយគេងដែលមាននៅក្នុងកាហ្វេ កូឡា និងថ្នាំមួយចំនួន។
-បិទទូរសព្ទដៃ អាយផេត កុំព្យូទ័រយួរដៃ ទូរទស្សន៍ ឬឧបករណ៍បញ្ចេញពន្លឺផ្សេងទៀត ព្រោះសារធាតុទាំងនេះចូលទៅរំញោច និងធ្វើឱ្យអ្នកមិនងងុយគេង។ -ឈប់ជក់បារី។
-ចៀសវាងទទួលបរិមាណជាតិអាល់កុលច្រើនពេក ព្រោះអាចរំខានដល់វដ្តនៃការគេងរបស់អ្នក។
-ចៀសវាងញ៉ាំអាហារធ្ងន់ៗ ដែលពិបាករំលាយនៅពេលយប់។ អាហារធ្ងន់ អាចរារាំងសមត្ថភាពរបស់អ្នកក្នុងការងងុយគេង៕
-ដូចគ្នានេះផងដែរ អ្នកគួរកាត់បន្ថយការទទួលទានជាតិស្ករនៅពេលល្ងាច ដើម្បីចៀសវាងសកម្មភាពជាតិស្ករខ្ពស់របស់ខួរក្បាល៕