អត្ថប្រយោជន៍នៃការទទួលទានទឹកក្រូចឆ្មារអំឡុងពេលមានផ្ទៃពោះ
13 Oct 2022, 16:39
ស្ត្រីមានផ្ទៃពោះច្រើនតែទទួលរងការខះជាតិទឹក។ ទឹកផ្លែឈើ គឺជាសារធាតុរាវដែលមានសុខភាពល្អ ដែលអាចរក្សាជាតិទឹកដល់រាងកាយស្ត្រីមានផ្ទៃពោះ ក្រៅពីផ្តល់អត្ថប្រយោជន៍អាហារូបត្ថម្ភជាច្រើន។ នៅក្នុងនោះ ទឹកក្រូចឆ្មារក៏ជាទឹកផ្លែឈើមួយប្រភេទ ដែលអ្នកអាចផឹកដោយសុវត្ថិភាពផងដែរ។
ប្រភពនៃវីតាមីនC៖ ស្ត្រីមានផ្ទៃពោះតែងជួបបញ្ហាកង្វះវីតាមីន C ។ ផ្លែក្រូចដូចជាផ្លែក្រូចឆ្មារ ជាប្រភពដ៏ល្អនៃវីតាមីន C ។ ដូច្នេះ ការទទួលទានទឹកក្រូចឆ្មារជាប្រចាំ អាចផ្តល់ឱ្យរាងកាយនូវកម្រិតវីតាមីន C បន្ថែម។
ដោះស្រាយបញ្ហាទល់លាមកនិងការពិបាករំលាយអាហារ៖ការទល់លាមក និងការមិនរំលាយអាហារ គឺជាផ្នែកមួយ នៃការមានផ្ទៃពោះ។ ក្នុងនាមជាភ្នាក់ងាររំញោចថ្លើម ទឹកក្រូចឆ្មារជួយគ្រប់គ្រងចលនាពោះវៀន ដូច្នេះ វាការពារស្ថានភាពដូចជាការទល់លាមក និងរាគ។ ការទទួលទានទឹកក្រូចឆ្មារជាទៀងទាត់ អាចធ្វើឱ្យចលនាពោះវៀនមានភាពងាយស្រួល និងដោះស្រាយការមិនរំលាយអាហារ។
សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម៖ វីតាមីន C នៅក្នុងក្រូចឆ្មារ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ ដូច្នេះហើយ ទឹកក្រូចឆ្មារដើរតួនាទីជាអ្នកសម្អាតដ៏អស្ចារ្យ ដើម្បីបណ្តេញជាតិពុល និងរ៉ាឌីកាល់សេរី ចេញពីប្រព័ន្ធរបស់អ្នក។ ទឹកក្រូចឆ្មារ អាចជួយការពារអ្នក ពីជំងឺផ្តាសាយ និងការឆ្លងផ្សេងៗជាច្រើនទៀត។
ផ្តល់អត្ថប្រយោជន៍ដល់ទារកនៅក្នុងផ្ទៃ៖ សូម្បីតែកូនក្នុងផ្ទៃ ក៏អាចទទួលបានអត្ថប្រយោជន៍ពីទឹកក្រូចឆ្មារ ដែលអ្នកញ៉ាំផងដែរ។ ទឹកក្រូចឆ្មារមានផ្ទុកប៉ូតាស្យូមកម្រិតខ្ពស់ ដែលត្រូវបានគេគិតថា ជួយកសាងឆ្អឹងទារកនៅក្នុងផ្ទៃ និងជួយសម្រួលដល់ការវិវត្តនៃកោសិកាខួរក្បាល និងសរសៃប្រសាទ។ ទោះជាយ៉ាងណាក៏ដោយ ចំណុចនេះនៅត្រូវការការស្រាវជ្រាវបន្ថែមទៀត។
ការពារការហើមជើង៖ស្រីមានផ្ទៃពោះអាចជួបប្រទះបញ្ហាហើមជើងជារឿងធម្មតា តែទោះជាបែបនេះក្តីជើងហើមអាចជាបញ្ហានិងឈឺចាប់។ យ៉ាងណា ទឹកក្រូចឆ្មារអាចជួយដោះស្រាយបញ្ហានេះបាន។ ផឹកទឹកក្រូចឆ្មារមួយស្លាបព្រាជាមួយទឹកក្តៅឧណ្ហៗមួយកែវ អាចជួយបន្ថយការហើមជើង អំឡុងពេលមានផ្ទៃពោះ។ អ្នកក៏អាចងូតទឹកក្តៅឧណ្ហៗលាយជាមួយអំបិល Epsom និងទឹកក្រូចឆ្មារបានផងដែរ ដើម្បីបំបាត់ការឈឺចាប់និងហើម។
ជួយសម្រួលដល់ការសម្រាលកូន៖ទឹកក្រូចឆ្មារលាយជាមួយទឹកឃ្មុំ អាចធ្វើឱ្យការសម្រាលកូនកាន់តែមានភាពងាយស្រួល។ អ្នកគួរទទួលទានភេសជ្ជៈនេះ ចាប់ពីខែទីប្រាំនៃការមានផ្ទៃពោះរហូតដល់សម្រាល។
អត្ថប្រយោជន៍ផ្សេងទៀត៖ ការទទួលទានទឹកក្រូចឆ្មារជាទៀងទាត់អំឡុងពេលមានផ្ទៃពោះ ការពារភាពមិនស្រួលផ្សេងៗ ដែលទាក់ទងនឹងការមានផ្ទៃពោះ ដូចជាក្រហាយទ្រូង និងហើមពោះ។ អ្នកអាចបន្ថែមទឹកក្រូចឆ្មារច្របាច់ស្រស់មួយស្លាបព្រាបាយទៅក្នុងទឹក ២៥០ មីលីលីត្រ។ ការពង្រាវទឹកក្រូចឆ្មារជាមួយនឹងទឹកដូច្នេះ ដើម្បីកាត់បន្ថយការផលិតអាស៊ីតក្រពះ និងការក្រហាយទ្រូង។ ត្រូវប្រាកដថា អ្នកផឹកទឹកនេះចន្លោះពី២០ទៅ៣០នាទី មុនពេលទទួលទានអាហារ ដើម្បីជៀសវាងការចាល់ជាតិអាស៊ីត។
ទឹកក្រូចឆ្មារជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម និងម៉ាញ៉េស្យូម ជួយព្យាបាលជំងឺដូចជាជំងឺហឺត ផ្តាសាយ ក្រហាយទ្រូង និងគ្រុនក្តៅ។ វាក៏ជួយសម្រួលដល់ការស្រូបយកជាតិដែកបានត្រឹមត្រូវផងដែរ ដូច្នេះវាជួយការពារអ្នកម្តាយ ពីភាពស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ។
យ៉ាងណាក៏ដោយ ការប្រើលើសកម្រិតអាចមានផលរំខាន។ ប្រសិនបើអ្នកជួបប្រទះផលប៉ះពាល់អវិជ្ជមានណាមួយ គួរត្រលប់ទៅមើលបរិមាណនៃទឹកក្រូចឆ្មារដែលអ្នកទទួលទាន ហើយស្វែងរកការណែនាំពីគ្រូពេទ្យ៕