លោកតាឃ្លាំងមឿងមេទ័ពខ្មែរក្លាហានពលីជីវិតកេណ្ឌទ័ពខ្មោចវាយកំចាត់សត្រូវការពារទឹកដី
13 Oct 2022, 16:38
+.មូលហេតុដែលព្រះអង្គច័ន្ទរាជាកុហកស្តេចសៀម
កាលដែលស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធបទ ហើយឡើងសោយរាជ្យនោះ រាជវង្សានុវង្សបានបាក់បែក ព្រាត់ប្រាស់អស់ ក្នុងនោះព្រះអង្គច័ន្ទរាជា បុត្រព្រះធម្មរាជាក៏បានភៀសព្រះកាយទៅសុំជ្រកកោននឹងស្ដេចសៀម ។ នៅពេលដែលព្រះអង្គច័ន្ទរាជាយាងទៅគង់នៅប្រទេសសៀម ស្តេចកនក៏បានរុករានទន្រ្ទានរៀបចំបណ្តាញពង្រីកអំណាចកម្លាំងរបស់ខ្លួន រហូតដល់សម្លាប់ព្រះបាទស្រីសុគន្ធបទដែលជាបងថ្លៃរបស់ទ្រង់បាន ហើយក៏បានតាំងខ្លួនជាស្តេច។
ដំណឹងនៃការសោយទិវង្គតរបស់ព្រះបាទស្រីសុគន្ធបទដែលជាព្រះរៀម បានដឹងទៅដល់ព្រះអង្គច័ន្ទរាជាដែលជាព្រះអនុជនៅឯក្រុងទេពបុរីស្រីអាយុធ្យា។ ព្រះអង្គច័ន្ទរាជាក៏រៀបចំព្រះកាយដើម្បីចូលមកស្រុកខ្មែរវិញ ដោយបានទូលទៅស្តេចសៀមថា មកទាក់ដំរីសម្តងនៅស្រុកខ្មែរ។ លុះដល់លើកទី២ ព្រះអង្គក៏បានកុហកស្តេចសៀមម្តងទៀតថា មកទាក់ដំរីសទៅថ្វាយព្រះចៅក្រុងទេពបុរីទៀត តែតាមពិតលើកនេះព្រះអង្គច័ន្ទរាជាមកធ្វើសង្រ្គាមជាមួយនឹងស្តេចកនទៅវិញ។
ដោយសារតែបាត់ដំណឹងព្រះអង្គច័ន្ទរាជាយូរពេក ស្តេចសៀមក៏បានបញ្ជាឱ្យព្រះសិទ្ធានចៅពញាអុងដឹកនាំទ័ពមកដេញតាមព្រះច័ន្ទរាជាពីប្រទេសសៀមមកប្រផីតប្រផោយ ព្រោះដឹងថាព្រះអង្គមិនមែនមកទាក់ដំរីសនោះទេ គឺព្រះអង្គភៀសព្រះកាយចូលស្រុកវិញ។
+.គោលបំណងនៃការយាងចូលស្រុកវិញរបស់ព្រះអង្គច័ន្ទរាជា
ព្រះអង្គច័ន្ទរាជាបានយាងត្រឡប់ចូលស្រុកខ្មែរវិញ ក្នុងគោលបំណងមកប្រល័យស្តេចកន ដែលបានធ្វើគុតព្រះរៀមរបស់ខ្លួន។ លុះដល់ពេលប្រយុទ្ធគ្នា ទ័ពរបស់ព្រះអង្គច័ន្ទរាជាបានចូលមកដល់ខេត្តពោធិ៍សាត់ ឯទ័ពស្តេចកនមកដល់ស្រុកក្រគរ។ ដោយសារតែទតទៅឃើញថា ទ័ពស្តេចកនមានចំនួនច្រើនជាង ព្រះអង្គច័ន្ទរាជាក៏បានដកថយមកបោះទីតាំងនៅពោធិ៍សាត់ជាបណ្តោះអាសន្នមួយរយៈសិន ដើម្បីត្រៀមកម្លាំងសារជាថ្មី ក្នុងបំណងធ្វើយ៉ាងណាផ្តួលរំលំស្តេចកនឱ្យបាន។
មកដល់ខេត្តពោធិ៍សាត់ចៅហ្វាយខេត្តនេះរឹងទទឹងនិងរាយការណ៍សុំជំនួយពីស្ដេចកនទើបពញាមឿង ដែលជាមេស្មឹងក្នុងខេត្តមានការស្មោះស្ម័គ្រនឹងព្រះអង្គច័ន្ទរាជា រៀបចំគម្រោងការវាយឆ្មក់ ហើយក៏សម្លាប់ចៅហ្វាយខេត្តនោះ ព្រមទាំងបញ្ចុះបញ្ចូលប្រជារាស្ត្រក្នុងខេត្តឱ្យមកចូលរួមជាមួយព្រះអង្គច័ន្ទរាជា ព្រមទាំងថ្វាយសេះ ដំរីជាច្រើនដល់ព្រះអង្គសម្រាប់ធ្វើសឹកផង។ ដូច្នេះហើយទើបព្រះអង្គច័ន្ទរាជាតែងតាំងគាត់ជា«ចៅពញាសួគ៌ាលោក» គឺជាចៅហ្វាយខេត្តពោធិ៍សាត់និងជាមេទ័ព «សម្រេចកិច្ចការរាជាគ្រប់ប្រការ»។ រីឯកូនរបស់តាមឿង៤នាក់ទៀតក៏សុទ្ធតែទទួលឋានន្តរស័ក្កិខ្ពង់ខ្ពស់ជាចៅពញា និងមានមុខនាទីផ្សេងៗគ្នា។
+.ការប្រយុទ្ធគ្នារវាងទ័ពស្តេចកននិងព្រះអង្គច័ន្ទរាជា
ក្រោយបានដឹងដំណឹងថា ព្រះអង្គច័ន្ទរាជាមកបោះទីតាំងនៅខេត្តពោធិ៍សាត់ ស្ដេចកនបានចាត់តាំងឱ្យលើកទ័ពប្រមាណជាង១២ម៉ឺននាក់ដើម្បីវាយកម្ទេចទ័ពរបស់ព្រះអង្គច័ន្ទរាជា។ គ្រានោះព្រះអង្គច័ន្ទរាជាក៏បានចេញព្រះរាជបញ្ជាឱ្យកូនតាមឿង២នាក់ដឹកនាំទ័ពចេញច្បាំងមួយវរៈដើម្បីស្ទាបស្ទង់មើលទ័ពខាងស្តេចកន។ ដោយសារតែមិនអស់ចិត្ត ព្រះអង្គច័ន្ទរាជាក៏ឱ្យតាមឿងទៅម្តង។ តាមឿងមើលទៅហាក់ដូចជាមិនស្រួល ព្រោះទ័ពសុទ្ធតែខ្មែរដូចគ្នា ក៏រកមធ្យាបាយយ៉ាងណាដើម្បីរកជ័យជំនះកុំឱ្យខាតកម្លាំងច្រើនពេក។ ចំណែកទ័ពស្ដេចកន ជាង១០ម៉ឺននាក់ទៅព័ទ្ធបន្ទាយរបស់ព្រះអង្គច័ន្ទរាជានៅឃុំបាក់នឹម ឈ្មោះបន្ទាយជ័យ ដែលមានទ័ពតែ២ម៉ឺននាក់ អស់រយៈពេល១២ខែ ដែលធ្វើឱ្យហោចស្បៀង យ៉ាងខ្លាំងពុំអាចចេញទៅរកស្បៀងនិងពុំអាចវាយទំលាយរបាំងហ៊ុមព័ទ្ធបាន។
+.លោកតាឃ្លាំងមឿងពលីជីវិតដើម្បីទៅកេណ្ឌទ័ពខ្មោច
ដោយសារតែសង្កេតឃើញកងទ័ពរបស់ស្តេចកនមានបៀបជាង លោកតាមឿងក៏ទូលទៅព្រះអង្គច័ន្ទរាជាថា៖«ទូលបង្គំមានគំនិតមួយដើម្បីយកមកជួយព្រះអង្គ ជួយយកអាសារទឹកដី»។ ពេលនោះព្រះអង្គច័ន្ទរាជាក៏បានបន្ទូលសួរថា៖«មានគំនិតអី»។ លោកតាឃ្លាំងមឿងតបថា៖«ករុណាសុំព្រះអង្គទៅកេណ្ឌទ័ពខ្មោច»។ លុះបានជ្រាបដូចនេះព្រះអង្គច័ន្ទរាជាក៏មានព្រះរាជបន្ទូលថា៖«ដូចជាមិនដែលមានអញ្ចឹងទេកន្លងមក មិនដែលមានអ្នកណាសម្លាប់ខ្លួន ហើយទៅកេណ្ឌទ័ពខ្មោចមកជួយច្បាំងមនុស្សទេ»។ ទ្រង់ក៏ឱ្យលោកតាមឿងរកគំនិតអីផ្សេងទៀតទៅ កុំធ្វើដូច្នេះព្រោះវាប៉ះពាល់ដល់អាយុជីវិតរបស់គាត់។
ព្រះអង្គច័ន្ទរាជាបានព្យាយាមឃាត់លោកតាឃ្លាំងមឿង តែលោកតានៅតែគិតថា គ្មានមធ្យាបាយផ្សេងទៀតទេ។ ដូចនេះគាត់ក៏សុខចិត្តសម្លាប់ខ្លួនដើម្បីទៅប្រមូលទ័ពខ្មោចមកជួយធ្វើសង្រ្គាម ព្រោះលោកតាមើលឃើញថា ទ័ពរបស់ស្តេចកនក៏ជាខ្មែរ ហើយទ័ពរបស់ព្រះអង្គច័ន្ទរាជាក៏ជាខ្មែរដូចគ្នា បើសុទ្ធតែជាពូជខ្មែរដូចគ្នា ហើយត្រូវប្រយុទ្ធគ្នាដូចនេះ លោកសុខចិត្តសម្លាប់ខ្លួនទៅកេណ្ឌទ័ពខ្មោចយកមកជួយច្បាំងវិញ។ ទោះបីជាឃាត់ក៏ឃាត់មិនបាន ព្រះអង្គច័ន្ទរាជាក៏មានព្រះបន្ទូលទៅកាន់តាមឿងថា៖«មឿងឯងមានវីរៈភាពយ៉ាងនេះ ធ្វើអីធ្វើទៅ មិនហ៊ានហាមឃាត់ទេ»។ ការដែលព្រះអង្គមិនហាមឃាត់តទៅទៀត ព្រោះតាមឿងថាបើមិនសម្លាប់ខ្លួនទេ ក៏គាត់អារកសម្លាប់ខ្លួនដែរ។
ពេលនោះតាមឿងក៏បានបញ្ជាឱ្យគេជីករណ្តៅ៨ហត្ថ៤ជ្រុងជំរៅ៨ហត្ថ ដោយក្នុងរណ្តៅដាំសុទ្ធតែលំពែង ហើយធ្វើរបងព័ទ្ធជុំវិញ ធ្វើរានទេព្តា៨ទិស រៀបបាយសី៥ថ្នាក់៣ជាន់ បាយសីប៉ាកឆាម ទឹកអប់ឆ្វេងស្តាំ លេងភ្លេងកំដរក្នុងពិធី ដើម្បីធ្វើពិធីបួងសួងយ៉ាងម៉ត់ចត់ និងផ្ដាំថា៖«យប់ថ្ងៃពេញបូណ៌មី ខែពិសាខនឹងមានឮសន្ធឹកខ្ទរខ្ទារមេឃនិងដី ឱ្យលើកទ័ពទៅវាយសត្រូវភ្លាម តែដំបូងត្រូវដេញទ័ពសៀមសិន បន្ទាប់មកគឺទ័ពស្តេចកន»។ ផ្តាំរួចលោកតាមឿងក៏លោតសម្លាប់ខ្លួនទៅ។
+.អ្នកហ៊ានពលីជាមួយលោកតាឃ្លាំងមឿង
ដើម្បីទៅកេណ្ឌទ័ពខ្មោច បន្ទាប់ពីលោកតាមឿងលោតសម្លាប់ខ្លួនទៅ ជំទាវខាន់ ខៀវ ជាស្នំឯករបស់ស្តេចអង្គច័ន្ទរាជាមានបន្ទូលថា បើលោកតាលោតសម្លាប់ខ្លួន លោកជំទាវក៏សុខចិត្តលោតសម្លាប់ខ្លួនដើម្បីតាមទៅប្រមូលទ័ពបិសាចដូចតាមឿងដែរ និងតាមបម្រើលោកតាមឿង។ ដូចនេះជំទាវខាន់ ខៀវ ក៏ប្តេជ្ញាលោត ហើយកូនតាមឿងទាំង៤នាក់ ឃើញឪពុកស្លាប់ក៏ស្ទុះទៅលោតសម្លាប់ខ្លួនដែរ តែគេចាប់ទាន់២នាក់ គឺចៅពញាវិបុលរាជទេព និងចៅពញាតេជះសុខ។ ចំណែកចៅពញាវង្សាអគ្គរាជកែវ និងពញាបរទេសរាជ ដែលជាកូនទី១ និងកូនទី២ គេចាប់ពុំទាន់ក៏បានលោតទៅជាមួយឪពុក និងលោកជំទាវទៅ ។ ដូចនេះនៅក្នុងរណ្តៅតែមួយគឺមានមនុស្សលោតចំនួន៤នាក់ គឺលោកតាមឿង ជំទាវខាន់ ខៀវ និងកូនប្រុស២នាក់ លោតសម្លាប់ខ្លួនក្នុងយប់តែមួយ។
+.អព្ហូតហេតុចម្លែកនៅយប់ពេញបូណ៌មី
ដូចតាមបណ្ដាំតាមឿងមែន នៅយប់ពេញបូណ៌មី មានអព្ហូតហេតុអស្ចារ្យឮខ្ទរខ្ទារលើអាកាស និងលើដី ទើបព្រះអង្គច័ន្ទរាជាបញ្ជាឱ្យលើកទ័ពទៅចោមសត្រូវធ្វើឱ្យពួកវាភិតភ័យ រត់ខ្ចាត់ខ្ចាយ ខ្លះត្រូវបានសម្លាប់ និងរឹបអូសបានស្បៀងអាហារ និងអាវុធយុទ្ធភណ្ឌជាច្រើន ទៀតផង ហើយគេឃើញទ័ពខ្មាំងសត្រូវភាគច្រើនកើតចុក ចុះក្អួតនិងប្រកាច់។ កូនប្រុសលោកតាមឿង២នាក់ដែលនៅរស់ចាប់ចេញដឹកនាំទ័ពប្រយុទ្ធ ហើយតាមឿងគាត់ជាអ្នកនៅពីក្រោយកេណ្ឌទ័ពខ្មោចជួយក្នុងការប្រយុទ្ធ រហូតដល់ត្រឡែងកែងលង្វែកឫស្សីបែកគុម្ព។ ពេលនោះទ័ពខាងស្តេចអង្គច័ន្ទរាជាក៏វាយឈ្នះទ័ពស្តេចសៀម និងទ័ពស្តេចកន ទទួលបានជ័យជម្នះទូទាំងប្រទេស។
+.ជំនឿរបស់ពលរដ្ឋខ្មែរចំពោះលោកតាឃ្លាំងមឿង
ដោយសារតែវិញ្ញាណក្ខន្ធតាមឿងតែងតែជួយទឹកដីពេលមានអាសន្នជាបន្តបន្ទាប់ ទើបប្រជារាស្ត្រខេត្តពោធិ៍សាត់តែងតែប្រារព្វពិធីរំលឹកដល់គុណតាមឿងរៀងរាល់មួយឆ្នាំម្ដងនៅខែពិសាខ គឺជាខែដែលតាមឿងបូជាជីវិតទៅកេណ្ឌទ័ពខ្មោច។ ក្រោយមកពិធីបុណ្យនេះបានក្លាយជាបុណ្យឡើងរោងអ្នកតាឃ្លាំងមឿងរហូតមក ព្រោះព្រលឹងតាមឿងបានក្លាយជាអ្នកតាដ៏មានរឹទ្ធិតេជៈខ្លាំងពូកែអាចជួយប្រជារាស្ត្រឱ្យរួចពីទុក្ខភ័យផ្សេងៗ តាមការបន់ស្រន់ និងតាមជំនឿ រៀងៗខ្លួនរហូតមកដល់សព្វថ្ងៃនេះ។ ផ្នូរលោកឧកញ៉ាឃ្លាំងមឿង និងជំទាវខាន់ ខៀវ សព្វថ្ងៃស្ថិតនៅក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន។
ចំណែករណ្ដៅដែលលោកឧកញ៉ាមឿងបានលោតនោះគេបានរក្សាការពារទុកមកដល់សព្វថ្ងៃដោយធ្វើជាអគារមួយមានក្បាច់រចនាស្រស់ស្អាតគ្របពីលើ ហើយនៅកៀនជញ្ជាំងពីក្រោយរណ្ដៅ ឬផ្នូរនេះ គេបានសាងរូបសំណាកលោកឧកញ៉ា និងលោកជំទាវតម្កល់ឱ្យឈរចង្អុលបែរមុខទៅរកកន្លែងដែលគាត់បានលោតនោះ ។
បច្ចុប្បន្នទីនោះបានក្លាយជារមណីយដ្ឋានដែលមានអ្នកទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តរៀងរាល់ថ្ងៃ។ រមណីយដ្ឋានលោកឧកញ៉ាឃ្លាំង មឿង គឺជារមណីយដ្ឋានមួយ ដែលមានភាពទាក់ទាញខ្លាំង និងជាកន្លែងដែលមានការគោរពបូជាយ៉ាងស័ក្ដិសិទ្ធិ ចំណែកឯប្រជាជននៅខេត្តពោធិ៍សាត់តែងមានជំនឿទៅលើលោកតាមឿង និងតែងតែយកដង្វាយទៅដាក់ថ្វាយសុំសេចក្តីសុខពីលោកតាផងដែរ៕ ដោយ៖ថា ចាន់ធី