ភោជនីយដ្ឋានមួយនៅជប៉ុនដាក់មនុស្សទីងមោងនៅតាមតុដើម្បីឲ្យភ្ញៀវអង្គុយឆ្ងាយពីគ្នា
13 Oct 2022, 16:38
ដោយសារតែការឆ្លងរាលដាលនៃវីរុសកូរ៉ូណាឬកូវីដ-១៩ ភោជនីយដ្ឋាននៅក្នុងប្រទេសជប៉ុនបានបិទទ្វារ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។ ទោះបីដកការប្រកាសអាសន្នចេញវិញតាំងពីខែឧសភា ប៉ុន្ដែភោជនីយដ្ឋានខ្លះនៅមិនទាន់បើកទ្វារឡើងវិញទេ រីឯភោជនីយដ្ឋានបើកទ្វារឡើងវិញក៏ស្ងាត់ភ្ញៀវចូលបរិភោគដែរព្រោះនៅបារម្ភពីការឆ្លង។
ចំពោះភោជនីយដ្ឋានមួយឈ្មោះKirin Saikan ស្ថិតនៅក្នុងទីក្រុងតូក្យូដែលបើកទ្វារឡើងវិញកាលពីចុងខែឧសភា បានប្រើប្រាស់មនុស្សទីងមោងនៅតាមតុ ដើម្បីរក្សាគម្លាតសុវត្ថិភាពភ្ញៀវចូលទៅបរិភោគអាហារផង និងធ្វើឲ្យមើលទៅអ៊ូអរផង។ បើតាមការបញ្ជាក់ពីម្ចាស់ភោជនីយដ្ឋានលោកMasato Takemineបានឲ្យដឹងថា ដំបូងឡើយលោកបានដកតុចេញខ្លះ ដើម្បីកុំឲ្យភ្ញៀវអង្គុយជិតគ្នា ប៉ុន្ដែធ្វើដូច្នេះមើលដៅដូចជាទូលាយនិងស្ងាត់ពេក លោកក៏នឹកឃើញគំនិតយកមនុស្សទីងមោងចំនួន១៦ ដាក់អង្គុយឆ្លាស់គ្នានៅតាមតុដើម្បីឲ្យភ្ញៀវអាចរក្សាគម្លាតសុវត្ថិភាពពីគ្នា ហើយក៏ជាការទាក់ទាញម្យ៉ាងដែរ៕