ចិនប្រកាសនឹងអនុញ្ញាតឱ្យមានកូនដល់៣នាក់ក្នុងមួយគ្រួសារ
គណបក្សកុម្មុយនីស្ដចិនបានបញ្ជាក់ថានឹងអនុញ្ញាតឱ្យគូស្វាមីភរិយារៀបការរួចអាចមានកូនដល់៣នាក់ក្នុងមួយគ្រួសារ ខណៈកន្លងមកអនុញ្ញាតឱ្យមានកូនតែ២នាក់ប៉ុណ្ណោះក្នុងមួយគ្រួសារ។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហ៊ួបានចុះផ្សាយថា គណបក្សកុម្មុយនីស្ដប្រកាសពីគោលនយោបាយថ្មីនៅក្នុងកិច្ចប្រជុំមួយធ្វើឡើងនាថ្ងៃចន្ទនេះ។ ទីភ្នាក់ងារសារព័ត៌មានដដែលឱ្យដឹងដែរថា ការផ្លាស់ប្ដូរនឹងភ្ជាប់មកជាមួយនូវការគាំទ្រដែលនឹងជួយដល់ការកែលម្អរចនាសម្ព័ន្ធប្រជាជនចិន ប៉ុន្ដែការកំណត់ឱ្យអនុវត្ដពីពេលណាទៅនោះនៅមិនទាន់បានបង្ហាញទេ។ សូមបញ្ជាក់ថា ដំបូងឡើយប្រទេសចិនបានអនុវត្ដគោលការណ៍មួយគ្រូសារមានកូនតែម្នាក់អស់រយៈពេលជាង៣ទសវត្ស ដើម្បីទប់ស្កាត់កំណើនប្រជាជនដែលកើនឡើងយ៉ាងឆាប់រហ័ស។ ប៉ុន្ដែនៅឆ្នាំ២០១៦ក៏មានការផ្លាស់ប្ដូរគោលការណ៍ថ្មី ដោយអនុញ្ញាតឱ្យមានកូនចំនួន២នាក់ក្នុងមួយគ្រួសារ ដោយសារតែប្រឈមនឹងកង្វះខាតកម្លាំងពលកម្ម ស្របពេលសង្គមមានការអភិវឌ្ឍកាន់តែខ្លាំង។ ប៉ុន្ដែការបន្ធូយបន្ថយគោលការណ៍មានកូនតែម្នាក់ក្នុងមួយគ្រួសារ នៅតែមិនអាចទប់ស្កាត់បានការធ្លាក់ចុះនៃអត្រាកំណើតនៅក្នុងប្រទេសចិន ព្រោះតែបន្ទុកសេដ្ឋកិច្ចក្នុងការចិញ្ចឹមកូន និងការផ្លាស់ប្ដូរគុណតម្លៃនៅក្នុងសង្គម៕