អត្ថប្រយោជន៍នៃការទទួលទានចេកខ្ចីចំពោះសុខភាព
13 Oct 2022, 16:39
អត្ថប្រយោជន៍នៃផ្លែចេកខ្ចីមានច្រើន ហើយកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកដែលស្រឡាញ់សុខភាពជាច្រើននាក់ផងដែរ។ អត្ថប្រយោជន៍របស់ផ្លែចេកចំពោះសុខភាពមានដូចជា៖
ជួយបង្កើនសុខភាពនៃការរំលាយអាហារ៖ ជាប្រពៃណី ចេកខ្ចីត្រូវបានគេដឹងថាអាចកាត់បន្ថយរោគសញ្ញានៃការទល់លាមក រោគសញ្ញារលាកពោះវៀន និងបញ្ហាក្រពះពោះវៀនផ្សេងទៀត។ ចេកខ្ចីសម្បូរជាតិសរសៃ ជួយធ្វើឱ្យប្រសើរឡើងនូវដំណើរការរំលាយអាហារ។ វាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។ ចេកខ្ចីអាចល្អសម្រាប់ទាំងការទល់លាមក និងរាគ។ ការសិក្សាស្រាវជ្រាវបានរកឃើញថា ពួកវាអាចព្យាបាលកុមារដែលមានជំងឺរាគរូស។ យោងតាមការសិក្សាលើសត្វកណ្តុរបានបង្ហាញថា ចេកខ្ចីអាចមានសក្តានុពលប្រឆាំងនឹងដំបៅនៅក្នុងក្រពះផងដែរ។
គ្រប់គ្រងជាតិស្ករនៅក្នុងឈាម៖ សមាសធាតុ phenolic នៅក្នុងចេកខ្ចីត្រូវបានគេរកឃើញថាអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ដោយរារាំងអង់ស៊ីមមួយចំនួន ដែលទទួលខុសត្រូវចំពោះការបំបែកជាតិស្ករក្នុងពោះវៀន និងចរន្តឈាម។ អ្នកដែលមានជំងឺទឹកនោមផ្អែម ត្រូវបានណែនាំឱ្យទទួលទានចេកខ្ចីមិនទាន់ទុំជាងផ្លែចេកទុំ។ ទាំងសារជាតិ pectin និងម្សៅនៅក្នុងផ្លែចេកខ្ចី ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ នេះ នាំឱ្យមានការរំលាយអាហារអាំងស៊ុយលីនកាន់តែប្រសើរឡើង ជាពិសេសសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ នៅក្នុងការសិក្សាលើសត្វកណ្ដុរដដែល បង្ហាញថាចេកខ្ចីនិងផលិតផលរបស់វា ដូចជាម្សៅចេកជាដើម ត្រូវបានគេរកឃើញថា អាចជួយក្នុងការធ្វើឱ្យប្រសើរឡើង នូវភាពប្រែប្រួលអាំងស៊ុយលីន។
អាចជួយលើកកម្ពស់សុខភាពសរសៃឈាមបេះដូង៖ ជំងឺសរសៃឈាមបេះដូង គឺជាបញ្ហាមេតាប៉ូលីស។ ភាពធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ចេកខ្ចីឆៅ ជាប្រភពដ៏ល្អនៃម្សៅ ដែលបើយោងតាមការសិក្សាលើសត្វ ម្សៅចេកខ្ចីនឹងអាចជួយរក្សាកម្រិតកូឡេស្តេរ៉ុល។ កម្រិតកូឡេស្តេរ៉ុលទាប ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះ ហានិភ័យនៃជំងឺសរសៃឈាមបេះដូង។
ចេកខ្ចីជាទូទៅត្រូវបានចាត់ទុកថា មានសុវត្ថិភាពសម្រាប់ការប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលដែលមានក្រពះងាយប្រតិកម្មឬងាយនឹងអាឡែស៊ី អាចជួបប្រទះនូវភាពមិនស្រួលមួយចំនួន ដូចជាហើមពោះ ជាដើម។ ចេកខ្ចីអាចបង្កឱ្យមានអាឡែស៊ី ចំពោះអ្នកដែលមានបញ្ហាអាឡែស៊ីទៅនឹងជ័ររុក្ខជាតិ។ យ៉ាងណា ការទទួលទានផ្លែចេកខ្ចីតាមរបៀបត្រឹមត្រូវ អាចកាត់បន្ថយហានិភ័យនៃផលប៉ះពាល់ទាំងនេះ ក្នុងករណីខ្លះ៕