បែកញើសច្រើននាំឱ្យជ្រុះសក់?
13 Oct 2022, 16:39
ខណៈពេលដែលមនុស្សភាគច្រើនភ្ជាប់ការបែកញើស ជាមួយនឹងការជម្រុះជាតិពុល និងកាកសំណល់ចេញពីរាងកាយ ការបែកញើសច្រើនពេកអាចនាំឱ្យខូចសក់ និងស្បែកក្បាល។ តាមការសិក្សាខ្លះបង្ហាញថា នៅពេលដែលអាស៊ីតlacticនៅក្នុងញើស ប៉ះគ្នាជាមួយ keratin នៅក្នុងសក់ វានាំឱ្យខូចនិងជ្រុះសក់។ នេះជាហេតុផលមួយ ដែលអ្នកប្រហែលជាមានអារម្មណ៍ថាជ្រុះសក់ នៅពេលដែលអ្នកបែកញើស ឬបន្ទាប់ពីបែកញើសច្រើន។
ម្យ៉ាងវិញទៀត ក្រពេញញើសបញ្ចេញញើស លាយឡំនឹងបាក់តេរីដែលកកកុញនៅលើស្បែកក្បាល ហើយនាំឱ្យកើតបញ្ហាផ្សិតស្បែកក្បាល។ ស្ថានភាពមិនមានអនាម័យនេះ នាំឱ្យសក់ជ្រុះ។ នេះបើយោងតាមអ្នកស្រាវជ្រាវជាច្រើន។ មានហេតុផលដែលសមស្របមួយទៀតបានបង្ហាញថា នៅពេលដែលយើងបែកញើសតាមក្រពេញញើសនៅលើស្បែកក្បាល វានាំឱ្យខ្សោះជាតិទឹកនៃសរសៃសក់។ នេះអាចជាហេតុផលមួយទៀត ដែលធ្វើឱ្យសក់ជ្រុះ។ នៅពេលដែលបែកញើសលាយឡំជាមួយផ្សិត ក្រមរនៅលើស្បែកក្បាល វាអាចបិទរន្ធញើស និងធ្វើឱ្យឫសសក់អសកម្ម។ នេះក៏អាចនាំឱ្យសក់ជ្រុះមួយកម្រិតផងដែរ។
ដូចនេះ ច្បាស់ណាស់ថាការបែកញើស និងការជ្រុះសក់ត្រូវបានផ្សារភ្ជាប់គ្នា ហើយជំហានបន្ទាប់ អ្នកគួរដឹងពីវិធី ដែលអាចការពារស្ថានភាពបែបនេះ ដែលវិធីទាំងនោះមានដូចជា៖
-កក់សក់ឱ្យបានញឹកញាប់ ជាពិសេសប្រសិនបើអាកាសធាតុក្តៅ និងសើម ហើយអ្នកងាយនឹងបែកញើស។ នេះនឹងជួយកម្ចាត់ភាពកខ្វក់ និងការផលិតជាតិខ្លាញ់បន្ថែម ដែលអាចលាយឡំជាមួយញើស និងបណ្តាលឱ្យជ្រុះសក់។
-ស្ទីមសក់ ដែលការធ្វើបែបនេះជួយបើករន្ធញើស ហើយបណ្តេញជាតិពុល ចេញពីស្បែកក្បាល។ វាក៏ជួយកម្ចាត់ប្រេងដែលលើសនិងធ្វើឱ្យឫសសក់សកម្មនៅក្នុងដំណើរការត្រឹមត្រូវ។ នេះជាវិធីមួយដើម្បីការពារសក់ជ្រុះតាមរយៈញើស។
-ម៉ាស្សាស្បែកក្បាលដោយប្រេង។ វិធីនេះជួយឱ្យឈាមរត់បានត្រឹមត្រូវទៅកាន់ឫសសក់ ព្រមទាំងធានាបាន នូវសារធាតុចិញ្ចឹមយ៉ាងជ្រៅ និងកម្ចាត់ចោលនូវសារធាតុកខ្វក់និងជាតិពុល។ នេះ គឺជាវិធីដ៏ល្អបំផុតមួយ ក្រៅពីប្រើសាប៊ូកក់សក់ ដើម្បីការពារការបាត់បង់សក់តាមរយៈការបែកញើស។
-ចៀសវាងដាក់សម្ពាធលើសរសៃសក់ ដូចជាការចងសក់តឹងញឹកញាប់ពេក ដើម្បីការពារញើសមិនឱ្យហួតចេញ ហើយផ្តល់ភាពងាយស្រួលដល់ការកកកុញជាមួយនឹងភាពកខ្វក់ និងជាតិប្រេងក្នុងស្បែកក្បាល ដែលធ្វើឱ្យសក់ជ្រុះ។ ការទុកសក់ឱ្យមានសេរីភាព នោះនឹងបង្កើនខ្យល់ចេញចូល។
- ការសិតសក់ក៏នឹងជួយដល់ចរន្តឈាម ក៏ដូចជារក្សាចរន្តញើសចេញ។ នេះ ជាវិធីមួយដែលអ្នកអាចការពារការជ្រុះសក់។
-ទទួលទានរបបអាហារដែលមានតុល្យភាព និងការគ្រប់គ្រងភាពតានតឹងរបស់អ្នក ដើម្បីកាត់បន្ថយការបែកញើសស្បែកក្បាល៕