ជំងឺទូទៅដែលកើតឡើងនៅរដូវរងារនិងការការពារ

13 Oct 2022, 16:39

រដូវនីមួយៗមិនថារដូវក្តៅ រដូវមូសុងនិងរដូវរងារ សុទ្ធតែនាំមកជាមួយនូវជំងឺមួយចំនួន។ តែអ្នកឈឺដោយសារមេរោគ មិនមែនដោយសារការផ្លាស់ប្តូររដូវទេ។ ការផ្លាស់ប្តូរ សីតុណ្ហភាពបង្កើតបរិយាកាសដ៏ល្អសម្រាប់ប្រភេទផ្សេងៗនៃមេរោគ ដើម្បីបង្កើត និងរីករាលដាលជំងឺ។ តែប្រសិនបើអ្នកអនុវត្តការប្រុងប្រយ័ត្ន សម្រាប់រដូវនីមួយៗ អ្នកទំនងជានឹងរួចផុតពីការធ្លាក់ខ្លួនឈឺដោយសារជំងឺតាមរដូវកាល។ ការដឹងពីជំងឺតាមរដូវធ្វើ ឱ្យអ្នកចេះប្រុងប្រយ័ត្ន ការពារខ្លួនឯងនិងសមាជិកគ្រួសាររបស់អ្នក ដែលយ៉ាងហោចណាស់ក៏អាចកាត់បន្ថយការធ្លាក់ខ្លួនឈឺសម្រាកនៅមន្ទីរពេទ្យ ចៀសវាងការខកខាននៅក្នុងការបំពេញការងារ ក៏ដូចជាប្រកបរបរចិញ្ចឹមជីវិត និងកាត់បន្ថយថ្លៃព្យាបាលបានមួយកម្រិតធំ។ បើនិយាយពីរដូវរងារ ជំងឺទូទៅនៃរដូវនេះរួមមានជំងឺផ្តាសាយ ក្អក រលាកទងសួត ស្បែកស្ងួត និងរមាស់។ ភាគច្រើនជាញឹកញាប់ជំងឺនៃរដូវរងារ ត្រូវបានបង្កឡើងដោយការឆ្លងមេរោគ។ ជំងឺតាមរដូវទូទៅទាំងនេះ អាចត្រូវបានចៀសវាងដោយការប្រុងប្រយ័ត្នជាចាំបាច់។ សំខាន់បំផុត គឺ៖ -ញ៉ាំអាហារបង្កើនភាពស៊ាំ រក្សាបរិស្ថានជុំវិញខ្លួនឱ្យស្អាត រក្សាអនាម័យផ្ទាល់ខ្លួន និងទទួលទានទឹកឱ្យបានគ្រប់គ្រាន់ -ស្លៀកសំលៀកបំពាក់សមរម្យ -ខ្ទប់មាត់និងច្រមុះរបស់អ្នកនៅពេលក្អកឬកណ្តាស់ -លាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូនិងទឹក -ប្រសិនបើអ្នកមានជំងឺសួត ឬផ្លូវដង្ហើមពីមុន សូមពិគ្រោះជាមួយគ្រូពេទ្យឯកទេស ក្នុងអំឡុងពេលនៃការផ្លាស់ប្តូររដូវ ដើម្បីស្វែងរកវិធីការពារត្រឹមត្រូវ -ចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ។ ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ អាចត្រូវបានពិចារណា សម្រាប់អ្នកដែលមានហានិភ័យខ្ពស់ នៃការកើតជំងឺផ្តាសាយ និងសម្រាប់អ្នកដែលងាយរងគ្រោះដូចជាកុមារតូចៗ ស្ត្រីមានផ្ទៃពោះ អ្នកដែលមានស្ថានភាពសុខភាពរ៉ាំរ៉ៃដូចជាជំងឺហឺត ជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងសួត និងមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ។ -ផ្តល់សំណើមដល់ស្បែកឱ្យបានទៀងទាត់ ដើម្បីការពារស្បែកស្ងួតនិងរមាស់៕